រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិស្រាវជ្រាវមុខសញ្ញាចែកចាយគ្រឿងញៀននិងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់បណ្ដាលឱ្យនគរបាលនិងប្រជាការពារ៦នាក់ត្រូវពលី-របួសធ្ងន់ និងស្លាប់ជនបង្កម្នាក់
ថ្ងៃចេញផ្សាយៈ 06/08/2026
កាលពីព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្ដាញសង្គមផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឱ្យនគរបាលនិងប្រជាការពារ៦នាក់ត្រូវពលីនិងរបួស និងស្លាប់ជនបង្កម្នាក់។
យោងតាមរបាយការណ៍របស់ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។
ហេតុការណ៍នេះ បានបណ្ដាលឱ្យ៖
១-លោក សាម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)
២-លោក សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (ស្លាប់)
៣-លោក ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៤-លោក សុខ អាន ប្រជាការពារ (ស្លាប់)
៥-លោក ចិន្ដា ប្រជាការពារ (ស្លាប់)
៦-លោក វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)
៧-ជនបង្កឈ្មោះ អែម ដុំ (ស្លាប់)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងដំណើរការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិនិងកម្លាំងប្រជាការពារ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្កត់ធ្ងន់ថា ពលិកម្មមន្ត្រីនគរបាលជាតិ និងប្រជាការពារ រួមទាំងសោកនាដកម្មក្នុងករណីនេះទាំងមូល បានដាស់តឿនយើងថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា៕
