កម្ពុជាអរគុណវៀតណាម ដែលបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គាំទ្រឱ្យមានដំណោះស្រាយព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឡេ មិញ ហ៊ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាម ដែលបានគាំទ្រឱ្យមានដំណោះស្រាយព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
សម្តេចប្រធានរដ្ឋសភា ក៏បានស្នើវៀតណាមបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអនុវត្តដំណើរការសន្តិភាព ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងតួនាទីរបស់ AOT ។
ឯកឧត្តម ឡេ មិញ ហ៊ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្លើយតបថា វៀតណាមមានជំនឿ និងត្រៀមចូលរួមដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងពេលឆាប់ៗខាងមុខនេះ ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ សំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានទំហំ ២០ពាន់លានដុល្លារអាម៉េរិក នាពេលអនាគត៕