រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ ក្នុងខេត្តចំនួន៣នៃប្រទេសកម្ពុជា

ក្រសួងកសិកម្ម បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងកសិកម្ម បញ្ជាក់ថា ស្ថិតក្នុងឥទ្ធិពលនៃគ្រោះរាំងស្ងួត បង្កឡើងដោយបាតុភូតអែលនីញ៉ូ ក្រសួងកសិកម្ម បាននិងកំពុងសហការជាមួយ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តគោលដៅ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពន្លឿនវិធានការជួយសង្គ្រោះ និងពង្រីកវិសាលភាពស្តារឡើងវិញ សំដៅជួយដោះស្រាយបញ្ហាប្រឈម និងជួយឱ្យបងប្អូនប្រជាកសិករ អាចបន្តការបង្កបង្កើនផលវិញបានឱ្យអស់ពីលទ្ធភាព៕