ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន សរសើរកម្ពុជាក្នុងការបោសសម្អាត Online Scam ខណៈកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាត បទល្មើសនេះឱ្យអស់

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) បានសម្តែងការកោតសរសើរការបោសសម្អាត Online Scamរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ដោយបានចាត់ទុកប្រតិបត្តិការនេះថាជា ការប្រឹងប្រែងដ៏អស្ចារ្យ។
ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃប្រកបដោយការលើកទឹកចិត្តពីប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះឱ្យអស់។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ជូនប្រធានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ថា ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈជនជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រលប់ទៅប្រទេសដើមវិញ។
ឯកឧត្តមអភិសន្តិបណ្ឌិត សង្ឃឹមថា ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នឹងនាំយកនូវអ្វីដែលបានមើលឃើញផ្ទាល់នៅកម្ពុជា ទៅជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងបង្កលក្ខណៈដល់ការវិនិយោគដោយគ្មានការរើសអើង៕