អបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន SEA V-CUP លើកទី៦ ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះថៃ!
សូមអបអរសាទរក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ SEA V-CUP លើកទី៦ បន្ទាប់ពីយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់១ នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសាលបាល់ទះ Candon City Arena ប្រទេសហ្វីលីពីន។
ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួតតាំងពីវគ្គចែកពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ។
ក្រៅពីនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានលើកទឹកចិត្តដល់កីឡាករយើង នៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះដែរ ក៏ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តការគាំទ្រក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ឆ្ពោះទៅដណ្តើមជ័យជម្នះជូនជាតិមាតុភូមិនៃយើង។
ជាចុងក្រោយ សូមជូនពរដល់ក្រុមកីឡាករ និងគ្រូបង្វឹក បន្តបង្ហាញស្មារតីប្រកួតយ៉ាងស្វាហាប់ និងសម្រេចបានជោគជ័យបន្ថែមទៀតក្នុងវគ្គផ្តាច់ព្រ័ត្រ៕
