យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួបប្រជុំក្រៅផ្លូវការនៅច្រកអន្តរជាតិជាំ-សាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

តាមរយៈសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តថា ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការកម្ពុជា (RBC) និងភាគីថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការថៃ(RBC) ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្ថែមថា ភាគីកម្ពុជាបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងក្រុមលេខាធិកាដ្ឋានទាំងពីរ ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធី និងបានទាន់ពេលវេលា សំដៅបញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន។
នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ដោយឡែក ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ភាគីកម្ពុជាស្នើឱ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុក្ខដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។
ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការ ក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។ បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី៕