ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនវៀតធេល(ខេមបូឌា) (មិត្តហ្វូន/VTC)
ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលជាមួយក្រុមហ៊ុន វៀតធេល(ខេមបូឌា) (មិត្តហ្វូន/VTC) ដើម្បីពិភាក្សាការងារ ដឹកនាំដោយលោក ង្វៀន វ៉ាន់ឡឺយ ប្រធានសាខាក្រុមហ៊ុនមិត្តហ្វូនខេត្តកណ្ដាល។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោក ង្វៀន វ៉ាន់ឡឺយ ប្រធានសាខាក្រុមហ៊ុនមិត្តហ្វូនខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនមិត្តហ្វូន និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសរដ្ឋបាលខេត្តកណ្ដាល ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងខេត្តកណ្ដាល បានទូលំទូលាយ និងមានល្បឿនលឿនផងដែរ។ ជាមួយគ្នានេះដែរលោកប្រធានសាខាក្រុមហ៊ុនមិត្តហ្វូន បានថ្លែងអំណរគុណដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល ។
មានប្រសាសន៍ក្នុងឱកាសជួបពិភាក្សានេះដែរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ សព្វថ្ងៃនេះអ៊ីនធឺណិត គឺជាបច្ចេកវិទ្យាមួយដែលយើងទាំងអស់គ្នាមិនអាចខ្វះបាន ហើយប្រសិនបើប្រទេសណាមួយ មិនមានប្រព័ន្ធអ៊ីនធឺណិតនោះទេ ប្រទេសនោះប្រៀបដូចជាប្រទេសមួយដែលនៅឯកាតែម្នាក់ឯង ដោយមិនបានផ្សារភ្ជាប់និងទំនាក់ទំនងជាមួយប្រទេសដទៃទៀតឡើយ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្ថែមថា៖ អ៊ីនធឺណិតប្រសិនបើយើងប្រើប្រាស់វាឱ្យបានត្រឹមត្រូវ នោះវានឹងទទួលបាននូវលទ្ធផលវិជ្ជមានមកយើងវិញ ប៉ុន្តែប្រសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវនោះទេ នោះលទ្ធផលអវិជ្ជមាននឹងត្រឡប់មកយើងវិញ។ ជាក់ស្ដែងបច្ចុប្បន្ននេះជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីប្រព្រឹត្តនូវបទល្មើសផ្សេងៗ ដែលនេះតម្រូវឱ្យយើងជាអាជ្ញាធរ និងក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់រាល់បទល្មើសទាំងឡាយណា ដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតនេះឱ្យបាននៅក្នុងមូលដ្ឋានខេត្តរបស់យើង។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់ក្រុមហ៊ុនមិត្តហ្វូន សូមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញ ពិសេសមន្ទីរប្រៃសណីយ៍ និងទូរគមនាគមខេត្តកណ្ដាល ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យានេះឱ្យកាន់តែទំនើបបន្ថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងខេត្តកណ្ដាលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
