សម្ដេចតេជោ ហ៊ុន សែន ៖ វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រនិងចំនួន ប្រជាជនតិចចូលរួមប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ វាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់ ។

នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានសរសេរថា ថ្ងៃមុនខ្ញុំបាននិយាយពីបាល់មូល ក្រោយការប្រកួតកន្លងមក និងយប់កន្លងទៅនេះ យើងគួរតែចាប់ផ្តើមនិយាយពីភូមិសាស្ត្របាល់ទាត់ ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។ ពេលមុនខ្ញុំតែងនិយាយថា លើពិភពលោកស្តង់ដារអន្តរជាតិមានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ។ ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ ខ្ញុំសង្កេតឃើញថា ភូមិសាស្ត្របាល់ទាត់កំពុងប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមានក្រុមកីឡាមកពីប្រទេសដែលមានប្រជាជនតិចនិងជាប្រទេសកំពុងអភិវឌ្ឍ។
សម្ដេចតេជោ ហ៊ុន សែន បន្តថា វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រនិងចំនួនប្រជាជនតិចបានបង្ហាញថាបាល់ទាត់មិនរើសអើងប្រទេសមានឬក្រប្រទេសមានប្រជាជនច្រើនឬតិចនោះទេដែលនេះវាជាភូមិសាស្ត្របាល់ទាត់ ដែលនេះវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់។ក្រុមបាល់ទាត់មកពីប្រទេសក្រីក្របានជួយជូនដំណើរក្រុមកីឡាពីប្រទេសអ្នកមានត្រឡប់ទៅប្រទេសវិញតាំងពីប្រកួតសន្សំពន្ទុរហូតដល់ការប្រកួត៣២ក្រុមនិងប្រសិនមិនអាចយកឈ្នះក៏ធ្វើឲ្យប្រទេសអ្នកមានមានការព្រួយបារម្មណ៍ពេលក្រុមបាល់ទាត់មកពីក្រីក្រទាត់បញ្ចូលទីឡើងប៉ោងសំណាញ់។ យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់បែបនេះពេលណាមួយប្រទេសក្រីក្រប្រជាជនតិចនិងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។
សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ខ្ញុំមិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ(ភូមិសាស្ត្របាល់ទាត់)ហើយឬនៅទេប៉ុន្តែសម្រាប់ខ្ញុំ ឱកាស ត្បូងត្បូង បាននិងកំពុងមកដល់ហើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់៕