ប្រធានរដ្ឋសភាកម្ពុជា អរគុណហុងគ្រី ដែលបានយកចិត្តទុកដាក់ផ្តល់សិទ្ធិរស់នៅ បំពេញការងារ ការសិក្សាជូនពលរដ្ឋ និងនិស្សិតកម្ពុជាដូចពលរដ្ឋហុងគ្រីដែរ
ថ្ងៃចេញផ្សាយៈ 28/05/2026
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនហុងគ្រី ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩មក និងនៅគ្រប់កាលៈទេសៈដែលមានការលំបាក ដូចជាក្នុងកំឡុងពេលកូវីដ-១៩ រាតត្បាតជាដើម។ ជាមួយគ្នានេះ កម្ពុជាក៏សូមអរគុណហុងគ្រី ដែលបានយកចិត្តទុកដាក់ផ្តល់សិទ្ធិរស់នៅ បំពេញការងារ ការសិក្សាជូនពលរដ្ឋ និងនិស្សិតកម្ពុជាដូចពលរដ្ឋហុងគ្រីដែរ។
ការថ្លែងបញ្ជាក់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបែបនេះ ក្នុងឱកាសអនុញ្ញាតជូនជូន ឯកឧត្តម ទីប័រក៍ បាឡូឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៦ ។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារក្នុងការបំពេញបេសកកម្មការទូតរបស់ឯកឧត្តម ទីប័រក៍ បាឡូឌី ដែលបានធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ កាន់តែរឹងមាំរីកចម្រើនឡើង ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ បានផ្តល់ផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិទាំងសងខាង។
ឯកឧត្តម ទីប័រក៍ បាឡូឌី បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលតែងតែផ្តល់កិច្ចសហការ និងសម្របសម្រួលការងារជាប់ជាប្រចាំ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។
ឯកឧត្តមបានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងតួនាទីដ៏សំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសបានសង្កត់ធ្ងន់ថា កម្ពុជាមានចក្ខុវិស័យអភិវឌ្ឍន៍ច្បាស់លាស់ ហើយទំនាក់ទំនងកម្ពុជា-ហុងគ្រី ជាទំនាក់ទំនងដ៏ល្អមួយដែលពិបាករកបាន។ កម្ពុជាជាមិត្តល្អ និងជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសក្តានុពលខ្ពស់ មានសំឡេងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងតំបន់អាស៊ីនិងអឺរ៉ុប។
សូមរំឭកថា កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។ នៅក្នុងឱកាសនោះ រដ្ឋសភានៃប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគ្នា ទាំងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន ទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើនដែលជាផលប្រយោជន៍រួម ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ បច្ចេកវិទ្យា និងវប្បធម៌៕
