ប្រមុខការទូតកម្ពុជាប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថា ជំហរកម្ពុជាផ្ដោតសំខាន់លើការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
ថ្ងៃចេញផ្សាយៈ 28/05/2026
ក្នុងជំនួបជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងថា ជំហរកម្ពុជាផ្ដោតសំខាន់លើការដោះស្រាយជម្លោះនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
សូមបញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីនេះក៏បានរំឭកឡើងវិញនូវកិច្ចពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមអគ្គលេខាធិការ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក (UNGA 80) កាលពីខែកញ្ញា ឆ្នាំ២០២៥៕
