ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជូនក្រុមជនសង្ស័យ ចំនួន១៦នាក់ ទៅពន្ធនាគារ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត
ថ្ងៃចេញផ្សាយៈ 12/05/2026
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន ១៦នាក់ ដែលភាគច្រើនជាភ្នាក់ងារសន្តិសុខ និងជនជាតិចិន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការចាត់តាំងជាក្រុម។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទទាំង ១៦រូប រួមមាន៖ ១. ឈ្មោះ ម៉ៃ សុភ័ក្ត្រ ហៅ កុយ (ភេទប្រុស សន្តិសុខ) ២. ឈ្មោះ នួន ហួយ (ភេទ ប្រុស សន្តិសុខ) ៣. ឈ្មោះ ឈិន សំណាង ( ភេទ ប្រុស សន្តិសុខ) ៤. ឈ្មោះ ចាន់ បូរី (ភេទប្រុស សន្តិសុខ) ៥. ឈ្មោះ សុខ ឃឿន (ភេទ ប្រុស សន្តិសុខ) ៦. ឈ្មោះ យ៉េន ភារុណ (ភេទប្រុស សន្តិសុខ) ៧. ឈ្មោះ ស៊ី វីឡា (ប្រធានក្រុមរដ្ឋបាលក្រុមហ៊ុនកាស៊ីណូ) ៨. ឈ្មោះ មុំ រីណា (ភេទប្រុស សន្តិសុខ) ៩. ណាន ចាន់ត្រា (ភេទប្រុស សន្តិសុខ) ១០. ជាតិ សុវណ្ណារិត ( ភេទប្រុស សន្តិសុខ) ១១. ឈួម វិវត្តន៍ (ភេទប្រុស សន្តិសុខ) ១២. ឈ្មោះ LIU JUAN JUAN (ភេទស្រី ជនជាតិចិន) ១៣.ឈ្មោះ LIU YUE XIANG (ភេទប្រុស ជនជាតិចិន) ១៤. ឈ្មោះ FANG ZHENG (ភេទប្រុស អ្នកសារព័ត៌មាន) ១៥. ឈ្មោះ LIN JIN QIANG (ភេទប្រុស ជនជាតិចិន អ្នកថតរូប) ១៦. ឈ្មោះ LIN JIANFA (ភេទប្រុស ជនចិន ផ្នែកទំនាក់ទំនង និងផ្តល់ព័ត៌មាន) ។
ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ២៥៨៨ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ និងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរបានយល់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទខាងលើ ពីបទអ្នកសមគំនិតក្នុងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង និងបទ ផ្តល់ជំនួយដល់ចារី ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ដល់ពេលបច្ចុប្បន្ន និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៥ កថាខណ្ឌទី៣ ចំណុច ១ និងមាត្រា ១៣ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៥៤៤ ចំណុច ៤ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្ន ជនត្រូវចោទជាបុរសត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) ចំណែកជនត្រូវចោទជាស្ត្រីជនជាតិចិន ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីរង់ចាំការវិនិច្ឆ័យទោសតាមនីតិវិធីច្បាប់ជាបន្តទៀត៕
