ប្រធានរដ្ឋសភាកម្ពុជាអរគុណមិត្តចិនដែលបានស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។
សម្ដេចប្រធានរដ្ឋសភាបន្តថា កិច្ចអន្តរាគមន៍របស់ចិន មានយុទ្ធសាស្ត្រ និងយុទ្ធវិធីច្បាស់លាស់ និងហ្មត់ចត់។ ក្នុងនោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានកិច្ចប្រជុំចង្អៀតត្រីភាគី ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅបឹងហ្វូសៀន (Fuxian Lake) ខេត្តយូណាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្ហាញពីតួនាទីដ៏សំខាន់ និងប្រកបដោយស្ថាបនាក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីកាត់បន្ថយការប៉ះទង្គិចដោយប្រដាប់អាវុធ និងនាំស្ថានភាពឆ្ពោះទៅកាន់សន្តិភាពឡើងវិញ។
សម្តេចប្រធានរដ្ឋសភា លើកឡើងបែបនេះនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ជាមួយគ្នានេះ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរំលេចថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាន នៅគ្រប់កាលៈទេសៈ៕