ផ្លូវ “កន្ទុយនាគ” រតនគិរី កំពុងលេចរាងពេញលេញ! គ្រោងបញ្ចប់ជិត 100% មុនរដូវភ្លៀង ប្រែក្លាយតំបន់មុំបី ជាទិសដៅទេសចរណ៍ដ៏ទាក់ទាញ…..!!!?

ខេត្តរតនគិរី៖  ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា គម្រោងស្ថាបនាផ្លូវ “កន្ទុយនាគ” ដែលមានប្រវែងសរុបប្រមាណ ១១០ គីឡូម៉ែត្រ ចាប់ពីបង្គោលលេខ ៣០ ស្រុកអូរយ៉ាដាវ ទៅកាន់តំបន់មុំបីកន្ទុយនាគ កំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ដោយការត្រួសត្រាយផ្លូវសម្រេចបាន ១០០% ហើយ អាចធ្វើដំណើរដោយយានយន្តទៅដល់គោលដៅបាន។
បច្ចុប្បន្ន មានក្រុមវិស្វកម្មចំនួន ៣ ក្រុម កំពុងបន្តការងារស្ថាបនាផ្លូវ ដែលសម្រេចបានប្រហែល ៦០% ហើយនៅសល់ប្រមាណ ៤០% ទៀត។ ឯកឧត្តមបានបញ្ជាក់ថា នៅរយៈពេលប្រមាណ ៣ ខែមុនចូលរដូវភ្លៀង ការងារនឹងអាចសម្រេចបានជិត ១០០% ទោះបីមិនទាន់ពេញលេញក៏ដោយ ព្រោះស្ថានភាពភូមិសាស្ត្រនៅតំបន់នេះ ប្រឈមនឹងការលំបាកខ្លាំងនៅពេលមានភ្លៀងធ្លាក់ ដែលអាចប៉ះពាល់ដល់ដំណើរការការងារ និងការប្រើប្រាស់គ្រឿងចក្រ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកនឹងចុះត្រួតពិនិត្យការស្ថាបនាផ្លូវ ដល់តំបន់បង្គោលលេខ ៩ ដែលត្រូវគ្រោងអភិវឌ្ឍជារង្វង់មូលនាពេលអនាគត។ តំបន់នេះមានផ្លូវឆ្លងកាត់តាមចង្កេះភ្នំ ដែលផ្តល់ទេសភាពធម្មជាតិស្រស់ស្អាត ហើយនៅលើកំពូលភ្នំខៀវ (លោកតាខៀវ) ក៏មានការសាងសង់អាស្រមសម្រាប់គោរពបូជាផងដែរ ដែលស្ថិតនៅជិតបង្គោលលេខ ៩ ប្រមាណ ៧ ម៉ែត្រ។

ជាមួយគ្នានេះ ទេសភាពនៅតំបន់ខ្ពង់រាប មានខ្យល់អាកាសត្រជាក់ បរិស្ថានបៃតង និងអាចមើលឃើញទេសភាពទឹកដីប្រទេសវៀតណាមបានយ៉ាងច្បាស់ ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ។

លើសពីនេះ រដ្ឋបាលខេត្តក៏មានគម្រោងពង្រីកបណ្តាញផ្លូវបន្ថែម ដោយតភ្ជាប់ពីទីប្រជុំជនស្រុកវើនសៃ និងស្រុកតាវែង តាមបណ្តោយជួរភ្នំ ទៅកាន់តំបន់អូរលាវ ស្រុកលំផាត់ ដែលគេស្គាល់ថា “ផ្លូវមុំបី”។ គម្រោងនេះត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់វិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន ដោយអាចបង្កើតជាគោលដៅស្នាក់នៅរយៈពេល ២ ទៅ ៣ យប់ សម្រាប់ភ្ញៀវទេសចរ ដែលចង់មកស្វែងយល់ និងសម្រាកលំហែកាយនៅខេត្តរតនគិរីនេះ។

គម្រោងផ្លូវ “កន្ទុយនាគ” មិនត្រឹមតែជួយសម្រួលការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគន្លឹះសំខាន់ក្នុងការបើកទូលាយសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ចនៅតំបន់ភាគឦសាននៃប្រទេសផងដែរ ៕