លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ កម្ពុជា នឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS នៅខេត្តសៀមរាប ក្នុងខែមិថុនា ឆ្នាំ២០២៦ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) មានប្រសាសន៍ថា កម្ពុជា នឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤២ របស់សហគមន៍ OB-PS នៅខេត្តសៀមរាប ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានសមាសភាពកាយឫទ្ធិនារីពិភពលោក និង សហគមន៍ OB-PS មកពីទ្វីបទាំង៥ ដែលមានសមាជិកជាង ១៥០ប្រទេសចូលរួម។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកាសមាជិក សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ។
លោកជំទាវបណ្ឌិត បានបង្ហាញនូវអារម្មណ៍រំភើប រីករាយចំពោះ កុមារី យុវតី សមាជិកា សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ដែលបានរីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ មានសមត្ថភាពពេញលេញ និងមានភាពជឿជាក់លើខ្លួនឯង ក្រោយពីទទួលបានការបណ្តុះបណ្តាលតាមរយ:កម្មវិធីផ្សេងៗពីសមាគម ក្នុងរយៈពេល ៤ឆ្នាំកន្លងមក ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប គ្រូបង្គោល សមាជិកគាំទ្រ និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការណ៏ និងគាំទ្រសកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា និងបានដឹកនាំកូនៗរៀបចំស្បៀងអាហារ ដាំបន្លែ ផ្សេងៗក្នុងចលនា យេីងរួមគ្នាដេីម្បីជាតិ ជូនវីរកងទ័ព ប្រជាពលរដ្ឋភៀសសឹក៕