សមត្ថកិច្ចកម្ពុជានាំអ្នកសារព័ត៌មានអន្តរជាតិ២០រូបមកពី៦អង្គភាព ចុះផ្ទាល់ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ថ្ងៃចេញផ្សាយៈ 12/03/2026
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ អ្នកសារព័ត៌មានអន្តរជាតិសរុប២០រូប មកពី Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA) បានចុះផ្ទាល់ដល់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានស្តីពីការបង្រ្កាបជាក់ស្តែងដល់ទីតាំង ស្ថិតនៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ហាញប្រាប់អ្នកសាព័ត៌មាននៅពេលនោះភ្លាមៗថា ការបង្ក្រាបទីតាំងខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់(ស្រី្ត ២៧ នាក់) មានជនជាតិចិន និងជនជាតិខ្មែរក្នុងចំណោមនោះដែរ រួមទាំងវត្ថុតាង រួមមាន កុំព្យូទ័រ ALL in One ៨៩ គ្រឿង, Monitor ១ គ្រឿង CPU ០១ គ្រឿង និងទូរសព្ទបម្រើឱ្យបទល្មើស ចំនួន ៣៨៤ គ្រឿង ខណៈសម្ភារៈទាំងនោះគឺរក្សាសភាពដើម ដូចកាលមុនពេលសមត្ថកិច្ចចុះបង្ក្រាប ដោយពុំទាន់មានការប៉ះពាល់ ហើយរង់ចាំការអនុវត្តនីតិវិធីជាបន្តបន្ទាប់៕
