ព្រឹទ្ធសភាប្រកាសទទួលស្គាល់សមាជិកថ្មីព្រឹទ្ធសភាមណ្ឌលភូមិភាគទី៥ និងស្តាប់របាយការណ៍សង្ខេបស្ដីពីលទ្ធផលការងាររបស់ព្រឹទ្ធសភាចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៥

ព្រឹទ្ធសភា បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈសំខាន់ៗចំនួន២ ៖
របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកថ្មីព្រឹទ្ធសភា។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឡាយ បេក្ខជនជាប់ឆ្នោតបម្រុងមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកថ្មីព្រឹទ្ធសភានីតិកាលទី៥ ជំនួសឯកឧត្តម ខៀវ មុត ដែលបានទទួលមរណភាព។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។
របៀបវារៈទី២៖ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៥៕