ជនរងគ្រោះម្នាក់ទៀតបង្ហាញឯកសារអះអាងថា ចាញ់បោក កា វ៉ាន់សុខ រឿងរត់ការចូលក្របខ័ណ្ឌកងទ័ព មួយករណីទៀត ក្រោយបែកធ្លាយរឿងធ្លាប់ជាប់ពន្ធនាគារក្នុងអំពើចោរកម្ម និងសារគំរាមកំហែងសម្លាប់ស្ត្រីនិងអ្នកសារព័ត៌មានជាច្រើនករណី !!
(ព្រះវិហារ)៖ ជនរងគ្រោះម្នាក់ទៀតបានបង្ហាញឯកសារសរសេរដោយដៃមួយច្បាប់ ដែលមានចំណងជើងថា «កិច្ចសន្យាទទួលប្រាក់» ពាក់ព័ន្ធនឹងការប្រគល់ប្រាក់ចំនួន១លានរៀលឱ្យបុគ្គលឈ្មោះ កា វ៉ាន់សុខ ដោយអះអាងថា ប្រាក់នេះត្រូវបានប្រគល់ជាថ្នូរនឹងការសន្យាជួយរត់ការចូលក្របខ័ណ្ឌកងទ័ព។
យោងតាមឯកសារដែលជនរងគ្រោះបានបង្ហាញ លោក កា វ៉ាន់សុខ អាយុ៣០ឆ្នាំ មានទីលំនៅឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានទទួលប្រាក់ចំនួន១,០០០,០០០រៀល ពីបុគ្គលឈ្មោះ ធាង ស្រីតូច អាយុ២៧ឆ្នាំ ក្នុងឯកសារនោះក៏មានការសន្យាសងប្រាក់ចំនួន១លានរៀលត្រឡប់ទៅម្ចាស់ប្រាក់វិញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ព្រមទាំងមានស្នាមមេដៃរបស់ភាគីពាក់ព័ន្ធផងដែរ។
ជនរងគ្រោះបានអះអាងថា មុនពេលប្រគល់ប្រាក់ បុគ្គលឈ្មោះ កា វ៉ាន់សុខ បានប្រាប់ខ្លួនថា នៅក្នុងខេត្តព្រះវិហារ មានការជ្រើសរើសក្របខ័ណ្ឌកងទ័ពជាសម្ងាត់ ហើយការជ្រើសរើសបានពេញស្ទើរទាំងអស់ហើយ នៅសល់តែ៣នាក់ប៉ុណ្ណោះ ដោយជឿលើការលើកឡើងនេះ ជនរងគ្រោះបានបំពេញឯកសារតាមការណែនាំ និងប្រគល់ប្រាក់ជូនបុគ្គលខាងលើ ដោយសង្ឃឹមថានឹងអាចចូលបម្រើការងារក្នុងក្របខ័ណ្ឌកងទ័ពបាន។
ជនរងគ្រោះបានបន្តថា ក្រោយពីទទួលបានប្រាក់ បុគ្គលនោះបានស្ងាត់ការទាក់ទង និងនៅតែបន្តលួងលោមឱ្យខ្លួនរៀបចំឯកសារ ព្រមទាំងបង់ប្រាក់តាមការណែនាំ ដោយអះអាងថាអាចជួយឱ្យជាប់ក្របខ័ណ្ឌបាន ប៉ុន្តែតាមការអះអាងរបស់ជនរងគ្រោះ ការសន្យាខាងលើមិនបានសម្រេចដូចការរំពឹងទុកឡើយ។
ជនរងគ្រោះរូបនេះបានបញ្ជាក់ថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រួចហើយ ដើម្បីស្នើឱ្យមានការស្រាវជ្រាវ និងដោះស្រាយតាមនីតិវិធីច្បាប់។
ការលើកឡើងនេះកើតឡើងស្របពេលមានការចែករំលែកព័ត៌មាន និងការអះអាងពីករណីផ្សេងទៀតពាក់ព័ន្ធនឹងការចាញ់បោកបុគ្គលឈ្មោះ កា វ៉ាន់សុខ ក្នុងការសន្យាជួយរត់ការចូលក្របខ័ណ្ឌរដ្ឋ ទោះជាយ៉ាងណា ការចោទប្រកាន់ទាំងនេះត្រូវការការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ពីសមត្ថកិច្ច ដើម្បីកំណត់ការពិត និងការទទួលខុសត្រូវតាមច្បាប់។
ករណីនេះក៏ជាការដាស់តឿនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការអះអាងថាអាចជួយរត់ការចូលក្របខ័ណ្ឌកងទ័ព ឬស្ថាប័នរដ្ឋ ជាពិសេសការលើកឡើងអំពីការជ្រើសរើសជាសម្ងាត់ ឬចំនួនកន្លែងនៅសល់តិចតួច ដើម្បីជំរុញឱ្យប្រគល់ប្រាក់ ប្រជាពលរដ្ឋគួរតែផ្ទៀងផ្ទាត់ព័ត៌មាន និងនីតិវិធីជ្រើសរើសជាផ្លូវការជាមួយស្ថាប័នមានសមត្ថកិច្ច មុននឹងប្រគល់ប្រាក់ ឬឯកសារផ្ទាល់ខ្លួនឱ្យអ្នកដទៃ៕
