បុគ្គលឈ្មោះ កា វ៉ាន់សុខ ដែលគំរាមកំហែងប្រមាថអ្នកសារព័ត៌មាន បែកធ្លាយប្រវត្តិ ធ្លាប់ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីចោរកម្ម ចូលលួចលុយទូរATM នៅខេត្តព្រះវិហារកាលពីឆ្នាំ ២០២០

(ព្រះវិហារ)៖ បន្ទាប់ពីមានការរិះគន់ និងប្រតិកម្មពីអ្នកប្រើប្រាស់បណ្ដាញសង្គម ជុំវិញការបញ្ចេញមតិដែលត្រូវបានចាត់ទុកថា មិនសមរម្យ និងមានលក្ខណៈគំរាមកំហែងដល់សុវត្ថិភាពអ្នកសារព័ត៌មាន ស្រាប់តែនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ របាយការណ៍ចាស់មួយនៅលើផេករបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយបង្ហាញថា បុគ្គលឈ្មោះ កា វ៉ាន់សុខ ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មកាលពីឆ្នាំ២០២០។

យោងតាមរបាយការណ៍ដែលបានបង្ហោះបញ្ជាក់ថា ជាផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញបានឃាត់ខ្លួនបុរសឈ្មោះ កា វ៉ាន់សុខ អាយុ២៤ឆ្នាំនៅពេលនោះ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ AMK ដែលតាមរបាយការណ៍បានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។

របាយការណ៍ដដែលបានឱ្យដឹងថា ការឃាត់ខ្លួនបានធ្វើឡើងនៅចំណុចផ្ទះសំណាក់ត្បូងពេជ្រពីរ ស្ថិតក្នុងភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅពេលនោះ សមត្ថកិច្ចបានបញ្ជាក់ថា កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

ការបែកធ្លាយនេះ កើតមានឡើងក្នុងពេលដែលមានការអះអាងថា បុគ្គលឈ្មោះ កា វ៉ាន់សុខ បានចូលបញ្ចេញមតិតាមបណ្ដាញសង្គម ដោយប្រើពាក្យពេចន៍មិនសមរម្យ និងមានខ្លឹមសារដែលអ្នកសារព័ត៌មានមួយចំនួនយល់ថា ជាការគំរាមកំហែងដល់អាយុជីវិតថា៖ «សារព័ត៌មានខ្លះទាល់តែឃើញក្តាមឈូសទើបដឹងខ្លួន» ឃ្លានេះត្រូវបានអ្នកសារព័ត៌មានមួយចំនួនបង្ហាញការព្រួយបារម្ភ ដោយយល់ថា អាចបង្កឱ្យមានការភ័យខ្លាច និងប៉ះពាល់ដល់អារម្មណ៍សុវត្ថិភាពរបស់អ្នកដែលកំពុងបំពេញការងារសារព័ត៌មាន។

អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការប្រមូល ពិនិត្យ និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន ដូច្នេះ ការបញ្ចេញមតិរិះគន់ ឬការមិនពេញចិត្តចំពោះការផ្សាយព័ត៌មាន គួរធ្វើឡើងក្នុងក្របខណ្ឌនៃការគោរពគ្នាទៅវិញទៅមក ដោយមិនប្រើពាក្យសម្ដីដែលអាចត្រូវបានយល់ថាជាការគំរាមកំហែងដល់សុវត្ថិភាពរបស់អ្នកដទៃ។

គួរបញ្ជាក់ថា របាយការណ៍ឆ្នាំ២០២០ ដែលបានលើកឡើងខាងលើ បញ្ជាក់ពីការឃាត់ខ្លួន និងការកសាងសំណុំរឿងនៅពេលនោះប៉ុណ្ណោះ ការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប៉ុន្មានឆ្នាំនោះគឺនៅលើដីកាសម្រេចរបស់ស្ថាប័នតុលាការ។

សារព័ត៌មានវិជ្ជាជីវៈផ្អែកលើការពិត ភស្តុតាង និងសីលធម៌ ដោយមិនបំភ្លៃព័ត៌មាន មិនបំពានសិទ្ធិអ្នកដទៃ និងមិនកាត់សេចក្តីជំនួសតុលាការ ជាមួយគ្នានេះ ការព្រួយបារម្ភអំពីសុវត្ថិភាពអ្នកសារព័ត៌មាន គួរត្រូវបានយកចិត្តទុកដាក់ និងពិនិត្យតាមនីតិវិធីសមស្រប ដើម្បីធានាថា អ្នកសារព័ត៌មានអាចបំពេញតួនាទីរបស់ខ្លួនដោយសេរី និងមានសុវត្ថិភាព៕