ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថា កម្ពុជាមិនដែលបដិសេធថា គ្មានបទល្មើសOnline Scamsនោះឡើយ ប៉ុន្តែកម្ពុជាជារដ្ឋដែលសកម្មធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំង Online Scams មិនដកដៃឡើយ

ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា កម្ពុជាមិនដែលបដិសេធថា គ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នោះឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺកម្ពុជាជារដ្ឋដែលសកម្មធ្វើសកម្មភាពជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនដកដៃឡើយ ដោយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការច្បាប់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុតក្នុងការលុបបំបាត់បទល្មើសនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បញ្ជាក់បែបនេះ ឆ្លើយតបនឹងទៅនឹងសំណួររបស់សារព័ត៌មានពាក់ព័ន្ធនឹងការផ្សាយរបស់បណ្តាញព័ត៌មាន Al Jazeera លើករណី Long Bay ក្នុងខេត្តកោះកុង ថាតើអាចប៉ះពាល់ដល់រូបភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែរឬយ៉ាងណានោះ ?
ពាក់ព័ន្ធនឹងវីដេអូផ្សាយរបស់ Al Jazeera ឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសង្កត់ថា សកម្មភាពដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍នោះ គឺជាសកម្មភាពដែលកើតឡើងមុនពេលមានយុទ្ធនាការបោសសម្អាតទ្រង់ទ្រាយធំរបស់អាជ្ញាធរកម្ពុជាតែប៉ុណ្ណោះ។ ដូច្នេះ ការផ្សាយនេះផ្ទុយទៅវិញ គឺបានស្តែងឱ្យឃើញ និងឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ពេលនេះកម្ពុជាទទួលបានជោគជ័យយ៉ាងពិតប្រាកដក្នុងការបង្ក្រាប និងបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីទីតាំងទាំងនោះ។
បើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធលទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះជាកត្តាចំបងមួយ ដែលជំរុញក្រសួង ស្ថានប័ន អាជ្ញាធរក្នុងរាជធានី ខេត្តទូទាំងប្រទេស​ ឱ្យកាន់តែមានសន្ទុះអនុវត្តកាតព្វកិច្ចប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams និងបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រលប់វិញជាដាច់ខាត ជាពិសេស កម្ពុជានឹងបន្តបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលបំណងរារាំង និងទប់ស្កាត់មិនឱ្យបទល្មើសបច្ចេកវិទ្យាឆ្លងដែនទាំងនេះ មានវត្តមាននៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀតឡើយ៕