សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងសារប្រមាណ៨០នាទី លោក អ៊ុ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយ ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំ
ខ្ញុំនៅតែសង្ឃឹមថាលោក អ៊ុ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់ខ្ញុំ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តសរសេរឆ្លើយតបទៅលោក អ៊ុ សំអាន យ៉ាងដូច្នេះថា ៖
ខ្ញុំបានស្តាប់សាររបស់លោក អ៊ុ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
