ព្រះប្រធានសមាគមពុទ្ធសាសនា អំពាវនាវពុទ្ធបរិស័កចូលរួម ថែរក្សាវប្បធម៌បោះបាយបិណ្ឌ ដែលជាវប្បធម៌ខ្មែរ បង្កើតដោយដូនតាខ្មែរ

ព្រះឥន្ទមុនី សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ (សមាគមពុទ្ធសាសនាកម្ពុជា) បានអំពាវនាវដល់ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរ ចូលរួមពិធីបោះបាយបិណ្ឌឱ្យបានច្រើនកុះករ ដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ដែលមានប្រវត្តិតាំងពីបុរាណកាលមក។ យោងតាមរយៈសារបង្ហោះលើបណ្តាញសង្គម Facebook ព្រះអង្គបានលើកឡើងថា ទោះបីជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំងក៏ដោយ ប្រទេសជាច្រើននៅតែបន្តរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន។ ព្រះអង្គបានលើកឧទាហរណ៍ពីបុណ្យ Halloween នៅបណ្តាប្រទេសលោកខាងលិច និងទំនៀមទម្លាប់សែនរបស់ជនជាតិចិន ដែលមានការដុតក្រដាសសែនតាមជំនឿប្រពៃណីរបស់ពួកគេ។
តាមរយៈសារនេះ ព្រះអង្គ សុំ សុខា បានចោទជាសំណួរថា ហេតុអ្វីបានជាបព្វជិត និងគ្រហស្ថមួយចំនួនតូច បញ្ចេញទស្សនៈបែបប្រាជ្ញនិយម ដែលមើលទៅហាក់ដូចជាទើសទាល់នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជាតិសាសន៍ខ្លួនឯង ខណៈដែលជាតិសាសន៍ដទៃនៅតែបន្តរក្សាប្រពៃណីរបស់ពួកគេ? ព្រះអង្គបានបន្តលើកជាសំណួរថា ប្រសិនបើថ្ងៃណាមួយ ជនបរទេសដែលមានបំណងចង់អះអាងប្រពៃណីនេះ ជាប្រពៃណីរបស់ដូនតាពួកគេ ហើយរៀបចំស្នើទៅអង្គការយូណេស្កូ (UNESCO) ដើម្បីចុះបញ្ជី និងអភិរក្សពិធីបោះបាយបិណ្ឌ ក្នុងនាមជាបេតិកភណ្ឌវប្បធម៌របស់ពួកគេ តើខ្មែរគួរបកស្រាយ និងយល់យ៉ាងដូចម្តេច? ព្រះអង្គបានបញ្ជាក់ថា ប្រទេសនីមួយៗសុទ្ធតែមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ហើយប្រពៃណីទាំងនោះអាចបន្តគង់វង្សបាន តាមរយៈការចូលរួម និងការបន្តពីយុវជន និងប្រជាជនជំនាន់ក្រោយ។ ព្រះអង្គបានអំពាវនាវដល់ពុទ្ធសាសនិកទាំងអស់ ឱ្យរួមគ្នាបន្តថែរក្សាប្រពៃណីបោះបាយបិណ្ឌឱ្យបានគង់វង្ស ដោយចាត់ទុកថា ការចូលរួមនេះជាការបង្ហាញពីសេចក្តីស្រឡាញ់ចំពោះអត្តសញ្ញាណជាតិ និងមរតកវប្បធម៌របស់ដូនតា។ ព្រះអង្គក៏បានអំពាវនាវឱ្យអ្នកដែលមានជំនឿ និងសទ្ធាចូលរួមធ្វើពិធីតាមប្រពៃណី ខណៈអ្នកដែលមិនមានសទ្ធា គួរគោរពការយល់ឃើញរបស់គ្នាទៅវិញទៅមក និងចៀសវាងការបង្កជម្លោះផ្នែកទស្សនៈ ព្រោះការវិវាទគ្នាមិនបានចូលរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិឡើយ។ ព្រះអង្គ សុំ សុខា បានបញ្ជាក់ថា ការរក្សាប្រពៃណី និងទំនៀមទម្លាប់ គឺជាការចូលរួមរបស់មនុស្សគ្រប់ជំនាន់ ដើម្បីឱ្យអត្តសញ្ញាណវប្បធម៌ខ្មែរអាចបន្តទៅកាន់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា អ្នកនាំធ្វើពិធីបោះបាយបិណ្ឌ គឺព្រះមហាក្សត្រខ្មែរតាំងពីសតវត្សរទី៩ ក្នុងរាជព្រះស្រីយសោវម៌្មទេវ ទី១ (ព្រះបាទយសោវរ្ម័ន ទី១) ។ តាមសិលាចារិកថ្នល់បារាយណ៍ លេខសំគាល់ K279 គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹតហៅថា «ស្រាទ្ធ» គឺជាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ។ ការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានទាំងនោះ បានទទួលទានចំអែតក្រពះទេ។ គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិតចំនួន១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ដែលកើតទៅជាប្រេត អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន។ រឿងរ៉ាវ និងភស្ដុតាងអំពីប្រេតនេះ បានឆ្លាក់រូបទុកនៅលើហោជាងថ្ម នៃខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃក្នុងទឹកដីខេត្តសៀមរាបបន្សល់ទុកមកដល់បច្ចុប្បន្ន។ លើសពីនេះទៀត នៅក្នុងជំនឿរបស់ព្រាហ្មណ៍សាសនា ដើម្បីសង្គ្រោះពួកប្រេតទាំងឡាយឱ្យអាចវិលមកកើតជាមនុស្សវិញបាននោះ មានកិច្ចពិធីមួយ គឺបោះបាយបិណ្ឌដែលបុព្វបុរសខ្មែរតែងតែធ្វើរហូតក្លាយទៅជាប្រពៃណីរបស់ខ្លួនមកដល់បច្ចុប្បន្ន៕