អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឆ្លើយតបថៃ ៖ «បើចង់អះអាងថា ជាទឹកដីខ្លួន​ សូមយកឯកសារគតិយុត្តមកបង្ហាញ»

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានច្រានចោលទាំងស្រុងចំពោះការអះអាងរបស់លោក​ ឆើតឆាយ ឆៃវ៉ាយវីដ (Cherdchai Chaivaivid) តំណាង​ប្រទេស​ថៃប្រចាំអង្គការសហប្រជាជាតិ ដែលថា ប្រជាពលរដ្ឋកម្ពុជានៅតំបន់ភូមិជោគជ័យ និង ព្រៃចាន់ បានចូលរស់នៅលើទឹកដីថៃ ព្រមទាំងការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅកាន់វេទិកាអន្តរជាតិ។វលោក ទូច សុឃៈ បានលើកឡើងថា ការអះអាងម្តងហើយម្តងទៀតរបស់ភាគីថៃ មិនអាចធ្វើឱ្យការអះអាងឯកតោភាគីក្លាយជាការពិតផ្លូវច្បាប់បានឡើយ។ លោកបញ្ជាក់ថា ខ្សែព្រំដែនអន្តរជាតិមិនត្រូវបានកំណត់ដោយសេចក្តីថ្លែងការណ៍ ផែនទីឯកតោភាគី វត្តមានកងកម្លាំង ឬ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដីនោះទេ។លោកបន្តថា ឯកសារផ្លូវការរបស់ក្រសួងការបរទេសថៃក៏បានបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ មានមូលដ្ឋានពីអនុសញ្ញាសៀម-បារាំង ឆ្នាំ ១៩០៤ សន្ធិសញ្ញាឆ្នាំ ១៩០៧ និង ផែនទីពាក់ព័ន្ធ ខណៈ MOU ឆ្នាំ ២០០០ កំណត់ក្របខណ្ឌសម្រាប់ការស្ទង់វាស់ និង ខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC)។លោក ទូច សុឃៈ បានអំពាវនាវឱ្យភាគីថៃ ប្រសិនបើជឿជាក់ថាតំបន់ដែលខ្លួនកំពុងអះអាងជាទឹកដីរបស់ខ្លួនមានមូលដ្ឋានគតិយុត្តច្បាស់លាស់ គួរយកផែនទី កូអរដោនេ និង ឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

លោកបានបន្ថែមថា ការប្រើកងកម្លាំង ការដាក់លួសបន្លា ទូកុងតឺន័រ ការជីកលេណដ្ឋាន ឬ ការបង្កើតស្ថានភាពថ្មីនៅលើដី មិនអាចបង្កើតខ្សែព្រំដែន ឬ សិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ថៃអំពី «ជម្រកតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០» លោក ទូច សុឃៈ បានចាត់ទុកថា ប្រវត្តិសាស្ត្របែបនេះ មិនអាចជំនួសការដោះស្រាយបញ្ហាស្នូលដែលកំពុងកើតមាននាពេលបច្ចុប្បន្នបានទេ។ លោកថា បញ្ហាដែលត្រូវដោះស្រាយ គឺ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួន ខណៈកម្ពុជាចោទថា មានការកាន់កាប់ទឹកដីរបស់ខ្លួនដោយកងកម្លាំងថៃ។

លោកបានបន្តថា នៅចុងខែកក្កដា ឆ្នាំ ២០២៦ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ជាង ២០,០០០ នាក់ នៅតែភៀសខ្លួន។

លោក ទូច សុឃៈ បានចោទប្រកាន់ថា ការយកប្រវត្តិសាស្ត្រមកលើកឡើងដោយជ្រើសរើសតែចំណុចដែលមានប្រយោជន៍សម្រាប់ភាគីថៃ និង ការចោទប្រកាន់ប្រជាពលរដ្ឋកម្ពុជា អាចធ្វើឱ្យបញ្ហាស្នូលត្រូវបានបង្វែរចំណាប់អារម្មណ៍។ លោកបានចោទជាសំណួរថា ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរនៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួន និង ហេតុអ្វីការវាស់វែងរួមតាម JBC មិនត្រូវបានយកមកដោះស្រាយការអះអាងដីធ្លីទាំងនេះ។

លោកក៏បានលើកឡើងពីសេចក្តីប្រកាសរួម GBC ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលកំណត់ឱ្យភាគីទាំងពីររក្សាទីតាំងកម្លាំងដោយគ្មានការរុលទៅមុខ ហើយការរៀបចំក្រោមបទឈប់បាញ់មិនប៉ះពាល់ដល់ការខណ្ឌសីមា និង ព្រំដែនអន្តរជាតិឡើយ។ សេចក្តីប្រកាសនេះក៏បានចែងថា ភាគីទាំងពីរត្រូវបញ្ជូនការងារស្ទង់វាស់ និង ខណ្ឌសីមាទៅ JBC និង អនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងតំបន់ដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។

ដោយហេតុនេះ លោក ទូច សុឃៈ បានលើកឡើងថា ការអះអាងថា ភាគីថៃ «គោរពបទឈប់បាញ់» មិនគួរវាស់ត្រឹមតែការមិនមានការបាញ់ប្រហារទ្រង់ទ្រាយធំនោះទេ ប៉ុន្តែគួរពិនិត្យទៅលើការអនុវត្តខ្លឹមសារទាំងមូល នៃកិច្ចព្រមព្រៀង រួមទាំងការមិនរុលកម្លាំង ការមិនបង្កើតស្ថានភាពថ្មីនៅលើដី និង ការអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួន។

ចំពោះការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅវេទិកាអន្តរជាតិ លោកបានបញ្ជាក់ថា កម្ពុជាមិនអាចត្រូវបានទាមទារឱ្យស្ងៀមស្ងាត់ ខណៈបញ្ហាដែលកម្ពុជាចាត់ទុកថាប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពដែនដី និង សុវត្ថិភាពប្រជាពលរដ្ឋ នៅតែមិនទាន់ត្រូវបានដោះស្រាយ។

លោកបន្តថា កម្ពុជាមានសិទ្ធិក្នុងការលើកបញ្ហាតាមមធ្យោបាយសន្តិវិធី និង បង្ហាញភស្តុតាងតាមយន្តការទ្វេភាគី តំបន់ និង អន្តរជាតិ ដោយស្របតាមគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី។

ជាចុងក្រោយ លោក ទូច សុឃៈ បានអំពាវនាវឱ្យភាគីថៃគោរពឯកសារដែលបានចុះហត្ថលេខា និង ដោះស្រាយការខ្វែងគំនិតតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអះអាងថាជាទឹកដីរបស់ខ្លួន គួរបង្ហាញមូលដ្ឋានគតិយុត្ត ហើយប្រសិនបើអះអាងថាគោរពបទឈប់បាញ់ គួរអនុវត្តខ្លឹមសារ នៃបទឈប់បាញ់ឱ្យបានពេញលេញ។ លោកបញ្ជាក់ថា ការអះអាងឯកតោភាគីមិនអាចជំនួសការកំណត់ព្រំដែនតាមច្បាប់បានឡើយ៕