មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ពង្រឹងស្មារតី និងសមត្ថភាពកងទ័ពដឹកជញ្ជូន
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ខណៈកំពុងត្រួតពិនិត្យកម្លាំងទ័ពប្រចាំសប្តាហ៍ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានផ្សព្វផ្សាយសភាពការណ៍ថ្មី និងបានបង្ហាញពីបទពិសោធន៍ការងារជាក់ស្តែង ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលដើម្បីពង្រឹងស្មារតី និងសមត្ថភាព ក្នុងពេលបំពេញភារៈកិច្ច។ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានធ្វើការផ្សព្វផ្សាយ និងវិភាគយ៉ាងច្បាស់លាស់ អំពីសភាពការថ្មីៗ ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទពិភពលោកដែលកំពុងមានការប្រែប្រួល កងទ័ពត្រូវតែមានម្ចាស់ការលើការយល់ដឹង ដើម្បីការពាររាល់ឧបាយកលដែលបង្កអស្ថិរភាពដល់មាតុភូមិ។ លោកមេបញ្ជាការបានសង្កត់ធ្ងន់លើការគោរពបទបញ្ជាផ្ទៃក្នុង សីលធម៌រស់នៅ និងសាមគ្គីភាពផ្ទៃក្នុង កងទ័ពដែលខ្លាំង គឺជាកងទ័ពដែលមានវិន័យខ្ពស់បំផុត វិន័យនេះហើយគឺជាខឿនការពារជាតិដ៏រឹងមាំ។ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានបង្ហាញមេរៀនជីវិតពីសមរភូមិ ដែលបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ និងការតស៊ូក្នុងសម័យសង្គ្រាម លោកមេបញ្ជាការបានចែករំលែកនូវយុទ្ធសាស្ត្រ និងមេរៀនជាក់ស្តែង ដើម្បីដាស់តឿនស្មារតីកងទ័ពជំនាន់ក្រោយឱ្យយល់ពីតម្លៃនៃសន្តិភាព និងការលះបង់ដើម្បីជាតិមាតុភូមិ។
ចំពោះអាវុធយុទ្ធភណ្ឌ លោកមេបញ្ជាការ ក៏បានបង្ហាញ និងបញ្ជាក់ទៅកាន់កងទ័ពថា ត្រូវតែចេះឲ្យច្បាស់ ដឹងឲ្យអស់ ទោះបីជាកងដឹកជញ្ជូន ប៉ុន្តែកម្រិតយល់ដឹងផ្នែកអាវុធយុទ្ធភណ្ឌគឺជារឿងចាំបាច់បំផុត កងទ័ពទាំងអស់ត្រូវស្វែងយល់ និងមានជំនាញលើការប្រើប្រាស់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមខ្លួនឆ្លើយតបគ្រប់កាលៈទេសៈ ព្រោះ កងដឹកជញ្ជូន ក៏ជាកងទ័ពប្រយុទ្ធនៅជួរមុខដែរ។
ជាចុងក្រោយឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានក្រើនរំលឹក ដល់កងទ័ពទាំងអស់ត្រូវថែទាំមធ្យោបាយដឹកជញ្ជូន គ្រឿងបំពាក់ និងសម្ភារៈបច្ចេកទេសឱ្យបានល្អជាប្រចាំ ត្រៀមលក្ខណៈឱ្យបានស្រេច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន មិនថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ៕
