គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំងឆបោកតាមអនឡាញ ក្នុងខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនជាតិចិនចំនួន១៩នាក់។
ថ្ងៃចេញផ្សាយៈ 18/03/2026
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះ បង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams មួយកន្លែង ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ១៤ ផ្លូវ M០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ជនជាតិចិន១៩នាក់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតសម្ភារ ជាភស្តុតាងរួមាន ទូរសព្ទដៃ១២៣គ្រឿង កុំព្យូទ័រ All in One ៨គ្រឿង ម៉ូនីទ័រ២ គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង CPU ១គ្រឿង មួក និងឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចចិនចំនួន ៣ កំប្លេ ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យទាំងនេះ បានប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងបង្កប់ដើម្បីធ្វើសកម្មភាពឆបោកតាមអនឡាញ Online Scams ក្រោមរូបភាពក្លែងបន្លំ និងប្រើប្រាស់ឯកសារក្លែង ជាសមត្ថកិច្ចប្រទេសចិន។
បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត៕
