ប្រជាពលរដ្ឋចំនួន ៣៧៧៩នាក់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទទួលបាននូវការពិនិត្យព្យាបាលជំងឺ ផ្ដល់ឱសថ រួមទាំងស្បៀងអាហារដោយឥតគិតថ្លៃពីសំណាក់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ។
ថ្ងៃចេញផ្សាយៈ 16/03/2026
គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៦៦៦នាក់ បានចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀងអាហារ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ៣៧៧៩នាក់ នៅភូមិដូនជន់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានលះបង់ខ្ពស់ក្នុងការផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅវត្តតាឡួតមានជ័យ ហៅ វត្តជាំ តំបន់រលាក់កងជើង ភូមិដូនជន់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នេះ។
សូមរំឭកថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក.៕
