អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ចុះពិនិត្យវឌ្ឍនភាព ការងារវិទ្យុជាតិFM៩៦ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកំពុងធ្វើបច្ចុប្បន្នភាព ឱ្យស្របនឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ។
ថ្ងៃចេញផ្សាយៈ 14/03/2026
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានអញ្ជើញចុះពិនិត្យជាថ្មីអំពីវឌ្ឍនភាពការងារវិទ្យុជាតិFM៩៦។
លោក តូច ណារត្ន អគ្គនាយករង ទទួលបន្ទុកវិទ្យុជាតិFM៩៦ បានលើកឡើងថា បច្ចុប្បន្ន គ្រប់ផ្នែកនៃការងាររបស់វិទ្យុជាតិFM៩៦ ទាំងព័ត៌មាន កម្មវិធី និងបច្ចេកទេស គឺបាននិងកំពុងបន្ស៊ីខ្លួនទៅនឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា។
លោកបន្តថា គិតត្រឹមដើមឆ្នាំ២០២៦នេះ ដំណើរការផ្សាយរបស់ស្ថានីយវិទ្យុជាតិFM៩៦ គឺបានវិវត្តខ្លួនដោយប្រើប្រាស់បច្ចេកវិទ្យា ធ្វើយ៉ាងណាឱ្យស្របទៅនឹងកំណែទម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមការអនុវត្តបន្តរបស់ក្រសួងព័ត៌មាន។
ទោះជាយ៉ាងណា លោក តូច ណារត្ន ក៏បានលើកនូវសំណើមួយចំនួនជូនលោកជំទាវអគ្គនាយិកា នៅក្នុងន័យធ្វើយ៉ាងណា ដើម្បីឱ្យដំណើរការផ្សាយរបស់ស្ថានីយវិទ្យុជាតិFM៩៦ ធានាបាននូវប្រសិទ្ធភាព និងចីរភាព ។
នាឱកាសនោះ លោកជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការវិទ្យុជាតិFM៩៦ទាំងអស់ ទោះបីជួបការលំបាកក៏ដោយ ប៉ុន្តែនៅតែជម្នះ និងធានាបាននូវដំណើរការផ្សាយដោយរលូន។
លោកជំទាវ ឈឹម ពៅសុកាន់ឌី ក៏បានលើកទឹកចិត្តថ្នាក់ដឹនាំ ជាពិសេស មន្ត្រីរាជការវិទ្យុជាតិFM៩៦ បន្តខិតខំអភិវឌ្ឍសមត្ថភាព និងចំណេះដឹងបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋដែលជាអ្នកស្ដាប់ និងអ្នកទស្សនាលើបណ្ដាញសង្គម។ ជាមួយគ្នានេះ លោកជំទាវអគ្គនាយិកា ក៏ទទួលយកនូវសំណើរបស់លោកអគ្គនាយករងទៅពិនិត្យ និងរកដំណោះស្រាយ។
សូមបញ្ជាក់ថា ស្ថានីយវិទ្យុជាតិFM៩៦ ដែលប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដំណើរការផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១២យប់ ដែលមានកម្មវិធីផ្សាយចម្រុះ រួមមាន កម្មវិធីព័ត៌មាន កម្មវិធីអបរំ កម្មវិធីកម្សាន្ត និងកម្មវិធីសិល្បៈជាដើម ដោយផ្សាយតាមរលកធាតុអាកាស និងនៅលើបណ្ដាញសង្គម៕
