ដើម្បីអភិវឌ្ឍខ្លួនរបស់កូនឲ្យបានល្អ កូនត្រូវយកចិត្តទុកដាក់អភិវឌ្ឍបុគ្គលិកលក្ខណៈជាគុណតម្លៃផ្ទាល់ខ្លួនរបស់កូនមានដូចខាងក្រោម។

1.ការយល់ដឹងអំពីខ្លួនឯង- វាគឺជាសមត្ថភាពក្នុងការយល់ដឹងអំពីអារម្មណ៍ ចំណុចខ្លាំង ចំណុចខ្សោយ តម្លៃ និងការលើកទឹកចិត្តរបស់ខ្លួនឯង។ មនុស្សដែលមានការយល់ដឹងអំពីខ្លួនឯង អាចដឹងថា អារម្មណ៍មានឥទ្ធិពលលើអាកប្បកិរិយារបស់ខ្លួនយ៉ាងដូចម្តេច ហើយអាកប្បកិរិយានោះមានឥទ្ធិពលលើអ្នកដទៃយ៉ាងដូចម្តេច។ ការយល់ដឹងនេះបង្កើតភាពច្បាស់លាស់ក្នុងជីវិត។ នៅពេលមនុស្សយល់ច្បាស់អំពីខ្លួនឯង ពួកគេមិនត្រូវបានគ្រប់គ្រងដោយអារម្មណ៍នោះទេ ពួកគេត្រូវបានចង្អុលបង្ហាញដោយហេតុផល និងមានគោលបំណងជាក់លាក់។ ការយល់ដឹងអំពីខ្លួនឯងវាជួយបង្កើនទំនុកចិត្ត ព្រោះវាផ្អែកលើឬសគល់នៃការពិត មិនមែនជំនឿតាមការស្រមើស្រមៃ។
2.ការពិចារណាពីខ្លួនឯង – គឺជាការអនុវត្តក្នុងការពិចារណាយ៉ាងស៊ីជម្រៅអំពីបទពិសោធន៍ សកម្មភាព និងការសម្រេចចិត្តរបស់ខ្លួន។ វាជម្រុញឱ្យមនុស្សចេះសួរខ្លួនឯងនូវសំណួរសំខាន់ៗ ដូចជា៖ ខ្ញុំបានធ្វើល្អឬនៅ? ខ្ញុំអាចកែលម្អអ្វីបានខ្លះ? ខ្ញុំបានរៀនអ្វីខ្លះ? ។ល​។ តាមរយៈសំណួរទាំងនេះ កំហុសនិងក្លាយជាមេរៀន មិនមែនជាការបរាជ័យឡើយ ក្លាយជាបទពិសោធន៍ និងជម្រុញឲ្យមនុស្សកាន់តែមានប្រាជ្ញា ។ ប្រសិនបើគ្មានប្រាជ្ញា ការពិចារណា អំពីជីវិតអាចក្លាយជាការធ្វើអ្វីដដែលៗ ប៉ុន្តែមានការពិចារណាដោយប្រាជ្ញា ជីវិតនឹងមានការរីកចម្រើនជានិច្ច។
3.ការវាយតម្លៃខ្លួនឯង – គឺជាជំហានបន្តពីការពិចារណា។ វាជាការវាយតម្លៃយ៉ាងស្មោះត្រង់លើសមត្ថភាព បុគ្គលិកលក្ខណៈ និងការរីកចម្រើនរបស់ខ្លួនចំពោះគោលដៅ។ ប្រសិនបើការពិចារណាជាការសង្កេតយ៉ាងយកចិត្តទុកដាក់ ការវាយតម្លៃគឺជាការវិនិច្ឆ័យផ្អែកលើគុណតម្លៃ។ ការវាយតម្លៃខ្លួនឯងត្រូវការសេចក្តីក្លាហាន និងត្រូវការសេចក្តីស្មោះត្រង់។ ទោះយ៉ាងណា វាជួយជម្រុញការលើកទឹកចិត្តឲ្យមានការកែលម្អជាបន្តបន្ទាប់ ហើយវាធានាថាការអភិវឌ្ឍខ្លួនកើតឡើងដោយចេតនា មិនមែនដោយចៃដន្យឡើយ។
4.ការគ្រប់គ្រងខ្លួនឯង គឺជាសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ ការរៀបចំពេលវេលា និងរក្សាវិន័យក្នុងការបោះជំហ៊ានទៅរកគោលដៅ។ មានការយល់ដឹងមួយមុខមិនគ្រប់គ្រាន់ទេ ប្រសិនបើមនុស្សគ្មានការគ្រប់គ្រងខ្លួនឯង។ ការគ្រប់គ្រងខ្លួនឯងបានល្អវាបង្កើនលទ្ធភាពក្នុងការគ្រប់គ្រងសកម្មភាព បង្កើនភាពអត់ធ្មត់ ភាពរឹងមាំ និងការទទួលខុសត្រូវ។ វាមានសារៈសំខាន់ជាពិសេសនៅពេលប្រឈមនឹងបញ្ហា ព្រោះអារម្មណ៍អាចឈ្នះលើហេតុផលបានយ៉ាងងាយស្រួល។
គុណសម្បត្តិនៃបុគ្គលិកលក្ខណៈទាំងបួននេះមានការភ្ជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ការយល់ដឹងអំពីខ្លួនឯងជួយឲ្យយើងស្គាល់ខ្លួន។ ការពិចារណាខ្លួនឯងជួយឲ្យយើងរៀនពីបទពិសោធន៍។ ការវាយតម្លៃខ្លួនឯងជួយឲ្យយើងវាស់វែងការរីកចម្រើន។ ការគ្រប់គ្រងខ្លួនឯងជួយឲ្យយើងកែលម្អ និងរក្សាវិន័យ។ ការរួមបញ្ចូលគ្នានូវគុណតម្លៃទាំងបួននេះ វាជួយឲ្យមនុស្សមានតុល្យភាពអារម្មណ៏និងស្មារតី ផ្តល់ភាពចាស់ទុំ ដែលអាចដឹកនាំទាំងខ្លួនឯងឆ្ពោះទៅរកគោលដៅជាក់លាក់ និងពង្រីកការទំនាក់ទំនងក្នុងសង្គមបានល្អ។
នៅក្នុងពិភពលោកដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ចំណេះដឹងខាងក្រៅមានតម្លៃ ប៉ុន្តែចំណេះដឹងអំពីខ្លួនឯងមានតម្លៃមិនអាចខ្វះបាន។ នៅពេលមនុស្សមានការអនុវត្ត និងយល់ច្បាស់នៃវិមាត្រទាំងបួននេះបាន គេមិនត្រឹមតែអាចសម្រេចគោលដៅប៉ុណ្ណោះទេ គេនឹងទទួលបាននូវឧត្តមភាពនៃជីវិតយ៉ាងពិតប្រាកដ។
កិច្ចសំណេះសំណាលជាមួយវិទ្យាល័យ ហ៊ុន សែន កំពង់រោទ៌ នាថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៦។