ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ជួបប្រជុំក្រៅផ្លូវការនៅច្រកអន្តរជាតិជាំ-សាងាំ អមដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំភាគីទាំងពីរ
ថ្ងៃចេញផ្សាយៈ 29/09/2026
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថា នៅច្រកអន្តរជាតិជាំ-សាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ វេលាម៉ោង ១១:០០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ ព្រមទាំងមានការចូលរួមសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំភាគីទាំងពីរកម្ពុជា-ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តថា ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC) និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC )។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕
