អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ៖ វីដេអូដែលចែករំលែកលើFacebook អំពីស្ថានភាពរអិលលើកំណាត់មហាវិថី ស៊ី ជីនពីង(ក្រវាត់ក្រុងទី៣)ពេលមានភ្លៀងធ្លាក់នោះ គឺជារូបភាពចាស់។
ថ្ងៃចេញផ្សាយៈ 30/04/2026
នៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម ចេញមកបញ្ជាក់ថា វីដេអូដែលចេញរំលែកលើFacebook អំពីស្ថានភាពរអិលលើកំណាត់មហាវិថី ស៊ី ជីនពីង(ក្រវាត់ក្រុងទី៣)ពេលមានភ្លៀងធ្លាក់នោះ គឺជារូបភាពចាស់។
ឯកឧត្តម ផន រឹម បន្តថា តាំងតែពីថ្ងៃទី២៨ ខែមេសា មកទល់ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មានសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានចុះផ្សាយ និងចែករំលែក (វីដេអូ)តៗគ្នា ពីស្ថានភាពរអិលលើតំណាត់មហាវិថី ស៊ី ជីនពីង(ក្រវាត់ក្រុងទី៣)ពេលមានភ្លៀងធ្លាក់។
ឯកឧត្តម ផន រឹម សង្កត់ធ្ងន់ថា ចំណុចដែលមានហានិភ័យនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានកែសម្រួលរួចរាល់ហើយ។
ជាមួយគ្នានេះ ឯកឧត្តម ផន រឹម សូមអរគុណប្រជាពលរដ្ឋជាអ្នកដំណើរដែលតែងផ្តល់មតិរិះគន់ក្នុងន័យស្ថាបនា ហើយក្រសួងក៏បានប្រឹងប្រែង និងកំពុងតាមដានពាក់ព័ន្ធស្ថានភាពលើកំណាត់ផ្លូវក្រវាត់ក្រុងប្រកបដោយការយកចិត្តទុកដាក់៕
