សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ប្រពៃណី តាមរយ:ការចូលរួមយ៉ាងល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ ។
ថ្ងៃចេញផ្សាយៈ 17/04/2026
នៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក្នុងការលេងល្បែងប្រជាប្រិយ និងរាំរបាំបុរាណ រួមជាមួយនឹងការធ្វើបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មីតាមផ្ទះ វត្តអារាម និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា សូមថ្លែងអំណរគុណអាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួន បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍ទាំងអស់។
ជាមួយគ្នានេះដែរ ក៏សូមថ្លែងអំណរគុណសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តទាំងអស់ រួមទាំងបងប្អូនអ្នកអនាម័យបរិស្ថាន អ្នកបើកបរ និងក្រុមការងារពាក់ព័ន្ធដែលបានធ្វើការលះបង់ ស្ម័គ្រចិត្តចូលរួមបម្រើការ សហការ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេស ក្នុងការលើកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ ជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។ ក្នុងន័យនេះ សូមថ្លែងអំណរគុណវីរកងទ័ពទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរត្រលប់ទៅកាន់ទៅកន្លែងបំពេញការងារ មុខរបរទាំងអស់ សូមសមប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី ក៏នៅកំពុងបម្រើសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ និងសុខសុវត្ថិភាព៕
