ក្រសួងការពារជាតិកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹក​ និងនាវាចម្បាំងរបស់រុស្ស៊ីនាពេលនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចាត់ទុកដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកនិងនាវាចម្បាំងរបស់រុស្ស៊ីនាពេលនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសទទួលទទួលសូមស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ជាមួយនាវិកសរុបប្រមាណ២៦២នាក់ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
នាយឧត្តមសេនីយ៍ ទៀ សីហា សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តានធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត ៕