ប្រធានរដ្ឋសភាកម្ពុជាវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស៊ីជម្រៅរវាងកម្ពុជា-តួកគីយ៉េ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ៕
ថ្ងៃចេញផ្សាយៈ 08/04/2026
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស៊ីជម្រៅរវាងកម្ពុជា-តួកគីយ៉េ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ការវាយតម្លៃនេះ ក្នុងឱកាសដែលសម្ដេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នាវិមានរដ្ឋសភា។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់ លោកជំទាវនៅកម្ពុជា ដែលសម្រេចបានលទ្ធផលជាច្រើន រួមចំណែកដល់ការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ សកម្ម និងស៊ីជម្រៅ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន កាលជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចនៅប្រទេសតួកគីនាឆ្នាំ២០១៩។ ទំនាក់ទំនងដ៏ល្អនេះ បានបន្តពង្រឹងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕
