សម្ដេចតេជោ ហ៊ុន សែន ៖ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង ។
ថ្ងៃចេញផ្សាយៈ 18/03/2026
នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានសរសេរថា ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួកលន់ នល់ (១៨ មីនា១៩៧០ -១៨ មីនា ២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។
សម្ដេចតេជោ ហ៊ុន សែន បន្តថា គាប់ជួនម្សិលមិញខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោក អេង សុធីវណ្ណដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩ ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រមាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះ ខោដោយខោ អាវដោយអាវ ដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។
សភាពការពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេយើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។
ខ្ញុំនៅចាំបានថាក្នុងរយៈពេលនោះ ម៉ាណែត មិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។ គេហៅខ្ញុំថាជាពូនិងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ។ ត្រលប់មលរូបថតនេះវិញ អ្នកនិពន្ធបានសរសេរជាភាសារអង់គ្លេសដូចខាងក្រោម៖
រូបថតនេះអ្នកនិពន្ធបរទេសបានសរសេរថា៖The world’s youngest foreign minister: Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979.
រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេលនោះមានអាយុ ២៦ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩៕
